Tuesday, July 5, 2022

សមត្ថកិច្ចចាប់ខ្លួនជនជាតិចិនតៃវ៉ាន់៦នាក់ បន្ទាប់់ពីបានរកឃើញសារធាតុគីមីផ្សំគ្រឿងញៀនជាង១៤តោន



(ខេត្តព្រះសីហនុ)៖ ជនជនជាតិ ចិនតៃវ៉ាន់៦នាក់ ត្រូវសមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀនចាប់ខ្លួន រួមជាមួយសារធាតុគីមីផ្សំជាង ១៤តោន បន្ទាប់ពីបង្ក្រាបកន្លែងប៉ុនប៉ងផលិតកែច្នៃគ្រឿងញៀនពីរកន្លែង នៅខេត្តព្រះសីហនុ។


ប្រតិបត្តិការនេះ ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងដឹកនាំដោយលោកឧត្ដមសេនិយ៍ទោ សារី បុត្រសត្យា លោកវរសេនីយ៍ឯក យឹម សែនឧត្ដម នាយករងមន្ទីរ និងលោកវរសេនីយ៍ឯក តឹក សូនី នាយការិយាល័យ(ក១០) សហការជាមួយកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដោយមានការសម្របសម្រួលពីលោក ពេញ ពិសិដ្ឋ ព្រះរាជអជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ។


របាយការណ៍ន៍របស់អគ្គស្នងការដែលចេញផ្សាយនៅថ្ងៃទី៥ ខែកក្កដា បានឱ្យដឹងថា​ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១៥និង០០នាទី កម្លាំងជំនាញ(ក១០) នៃមន្ទីរប្រឆាំងគ្រឿងញៀនបានស្រាវជ្រាវ និងបង្ក្រាបទីតាំងប៉ុនប៉ងផលិតដោយខុសច្បាប់នូវសារធាតុញៀនចំនួន២ទីតាំង។ទីតាំងទី១ នៅចំណុចឃ្លាំងលើ ស្ថិតក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ។ ទីតាំងទី២ នៅភូមិស្ទឹងឆាយខាងត្បូង ឃុំស្ទឹងឆាយ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។


ប្រតិបត្តិការនេះ សមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យ៦នាក់ៈ ១-ឈ្មោះ ហ្សែន មីនជាំង ភេទប្រុស អាយុ៤១ឆ្នាំ , ២-ឈ្មោះ លីង យ៉ាងហូ ភេទប្រុស អាយុ៤០ឆ្នាំ, ៣-ឈ្មោះ ឆៃ យូហ្សុង ភេទប្រុស អាយុ៣៥ឆ្នាំ, ៤-ឈ្មោះ ជីន វីយ៉ៅ ភេទប្រុស អាយុ៣៨ឆ្នាំ, ៥-ឈ្មោះ ចិន ឌឺយ៉ាន ភេទប្រុស អាយុ៤២ឆ្នាំ និងទី៦-ឈ្មោះ លី ចុងហ្វី ភេទប្រុស អាយុ៥១ឆ្នាំ ជនសង្ស័យទាំង៦នាក់ជាជនជាតិ ចិនតៃវ៉ាន់។


ដោយឡែកវត្ថុតាងដែលសមត្ថកិច្ចបានដកហូតបានរួមមាន សារធាតុគីមី និងគីមីផ្សំចំនួន ១៤តោន និង១៦០គីឡូក្រាម, ឧបករណ៍សម្ភារកែច្នៃផលិត រួមមាន ឆ្នាំងប្រតិកម្មចំនួន៥០គ្រឿង, ,កែវប្រតិកម្មចំនួន០៧គ្រឿង, ម៉ាស៊ីនភ្លើងចំនួន០៣គ្រឿង, ជើងទម្រធុប្រតិកម្មចំនួន៥៩គ្រឿង, កញ្រ្ចែងមួយចំនួន, ម៉ាស៊ីនប្រតិកម្មចំនួន៥គ្រឿង, ធុងមួយចំនួន,​ ជីឡៅចំនួន១០ជីឡៅ, ម៉ូទ័រក្រឡុកចំនួន០១គ្រឿង និងសំបកធុង២៩៨សំបក។


បច្ចុប្បន្នជនសង្ស័យ ព្រមទាំងវត្ថុតាងចាប់យកខាងលើ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ចាត់ការបន្តតាមនីតិវិធី ៕

No comments:

Post a Comment