Tuesday, July 5, 2022

សមត្ថកិច្ចចាប់ខ្លួនជនជាតិចិនតៃវ៉ាន់៦នាក់ បន្ទាប់់ពីបានរកឃើញសារធាតុគីមីផ្សំគ្រឿងញៀនជាង១៤តោន



(ខេត្តព្រះសីហនុ)៖ ជនជនជាតិ ចិនតៃវ៉ាន់៦នាក់ ត្រូវសមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀនចាប់ខ្លួន រួមជាមួយសារធាតុគីមីផ្សំជាង ១៤តោន បន្ទាប់ពីបង្ក្រាបកន្លែងប៉ុនប៉ងផលិតកែច្នៃគ្រឿងញៀនពីរកន្លែង នៅខេត្តព្រះសីហនុ។


ប្រតិបត្តិការនេះ ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងដឹកនាំដោយលោកឧត្ដមសេនិយ៍ទោ សារី បុត្រសត្យា លោកវរសេនីយ៍ឯក យឹម សែនឧត្ដម នាយករងមន្ទីរ និងលោកវរសេនីយ៍ឯក តឹក សូនី នាយការិយាល័យ(ក១០) សហការជាមួយកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដោយមានការសម្របសម្រួលពីលោក ពេញ ពិសិដ្ឋ ព្រះរាជអជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ។


របាយការណ៍ន៍របស់អគ្គស្នងការដែលចេញផ្សាយនៅថ្ងៃទី៥ ខែកក្កដា បានឱ្យដឹងថា​ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១៥និង០០នាទី កម្លាំងជំនាញ(ក១០) នៃមន្ទីរប្រឆាំងគ្រឿងញៀនបានស្រាវជ្រាវ និងបង្ក្រាបទីតាំងប៉ុនប៉ងផលិតដោយខុសច្បាប់នូវសារធាតុញៀនចំនួន២ទីតាំង។ទីតាំងទី១ នៅចំណុចឃ្លាំងលើ ស្ថិតក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ។ ទីតាំងទី២ នៅភូមិស្ទឹងឆាយខាងត្បូង ឃុំស្ទឹងឆាយ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។


ប្រតិបត្តិការនេះ សមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យ៦នាក់ៈ ១-ឈ្មោះ ហ្សែន មីនជាំង ភេទប្រុស អាយុ៤១ឆ្នាំ , ២-ឈ្មោះ លីង យ៉ាងហូ ភេទប្រុស អាយុ៤០ឆ្នាំ, ៣-ឈ្មោះ ឆៃ យូហ្សុង ភេទប្រុស អាយុ៣៥ឆ្នាំ, ៤-ឈ្មោះ ជីន វីយ៉ៅ ភេទប្រុស អាយុ៣៨ឆ្នាំ, ៥-ឈ្មោះ ចិន ឌឺយ៉ាន ភេទប្រុស អាយុ៤២ឆ្នាំ និងទី៦-ឈ្មោះ លី ចុងហ្វី ភេទប្រុស អាយុ៥១ឆ្នាំ ជនសង្ស័យទាំង៦នាក់ជាជនជាតិ ចិនតៃវ៉ាន់។


ដោយឡែកវត្ថុតាងដែលសមត្ថកិច្ចបានដកហូតបានរួមមាន សារធាតុគីមី និងគីមីផ្សំចំនួន ១៤តោន និង១៦០គីឡូក្រាម, ឧបករណ៍សម្ភារកែច្នៃផលិត រួមមាន ឆ្នាំងប្រតិកម្មចំនួន៥០គ្រឿង, ,កែវប្រតិកម្មចំនួន០៧គ្រឿង, ម៉ាស៊ីនភ្លើងចំនួន០៣គ្រឿង, ជើងទម្រធុប្រតិកម្មចំនួន៥៩គ្រឿង, កញ្រ្ចែងមួយចំនួន, ម៉ាស៊ីនប្រតិកម្មចំនួន៥គ្រឿង, ធុងមួយចំនួន,​ ជីឡៅចំនួន១០ជីឡៅ, ម៉ូទ័រក្រឡុកចំនួន០១គ្រឿង និងសំបកធុង២៩៨សំបក។


បច្ចុប្បន្នជនសង្ស័យ ព្រមទាំងវត្ថុតាងចាប់យកខាងលើ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ចាត់ការបន្តតាមនីតិវិធី ៕

Monday, July 4, 2022

 អធិការរងខណ្ឌឫស្សីកែវ បាញ់សម្លា.ប់ខ្លួនឯងនៅលើផ្ទះ ព្រោះតែចាញ់ល្បែង



(ខេត្តកណ្តាល)៖ លោក​ ចន្ថា​ វ៉ាន់ឌី​ អធិការរងខណ្ឌឫស្សីកែវ​ បានបាញ់សម្លា.ប់ខ្លួនឯងនៅលើផ្ទះខ្លួន នេះបើយោងតាមការរាយការណ៍បឋមពីសមត្ថកិច្ចមូលដ្ឋាន...។


ករណីនេះ បានកើតឡើងនៅរសៀលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២ ស្ថិតក្នុងភូមិក្បាលកោះ ឃុំកោះឧកញ៉ាតី​ ស្រុកខ្សាច់កណ្តាល។ សមត្ថកិច្ចបានឱ្យដឹងបឋម ថា មុនពេលកើតហេតុ អធិការរងរូបនេះ​បានធ្វើដំណើរទៅផ្ទះ រួចក៏ជិះម៉ូតូចេញទៅវិញ។ បន្តិចក្រោយមក លោកក៏មកប្រាប់ម្តាយថាខ្លួនភ្លេចកាបូប នៅក្នុងផ្ទះ។ ដល់ពេលឡើងទៅយកកាបូប ស្រាប់តែបាញ់សម្លាប់ខ្លួនឯងតែម្ដង។


សូមបញ្ជាក់ថា មុនលោក ចន្ថា វ៉ាន់ឌី មុននឹងសម្រេចធ្វើអត្តឃាត លោកបានបន្សល់ទុកនូវក្រដាសបណ្តាំចុងក្រោយ ដោយសរសេរនូវពាក្យក្នុងចិត្តមួយចំនួន។ ក្នុងបណ្តាំចុងក្រោយបានសរសេរថា៖ «ប៉ាក្មេក និងម៉ាក់ក្មេកឱ្យកូនសុំទោសលោកទាំងពីរផង ដែលកូនបានយកលុយប៉ា និងម៉ាក់ថា មានគេខ្ចី..ហើយឱ្យការ តែការពិតគឺមិនមែនទេ គ្មានអ្នកណាខ្ចីលោកទាំងពីរទេ គឺកូនយកលុយនេះមកលេងល្បែងចាក់បាល់ទេ សូមឱ្យលោកទាំងពីរអហោសកម្មឱ្យកូនប្រសារគ្មានបានការម្នាក់នេះផង បើមានជាតិក្រោយមែនពិត កូននឹងសងគុណលោកទាំងពីរវិញ»។ បច្ចុប្បន្ន សមត្ថកិច្ចជំនាញនគរបាលស្រុក និងខេត្តកំពុងចុះទៅពិនិត្យទីតាំងកន្លែងកើតហេតុ និងធ្វើកោសល្យវិច័យ៕



 ទីក្រុងស៊ីដនី ត្រៀមខ្លួនទប់ទល់ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ ខណៈមនុស្សរាប់ពាន់នាក់ភៀសខ្លួនចេញពីលំនៅដ្ឋាន




អ្នករស់នៅទីក្រុងស៊ីដនីរាប់ពាន់នាក់ កំពុងត្រៀមជម្លៀសខ្លួនចេញពីលំនៅដ្ឋានរបស់ពួកគេ កាលពីថ្ងៃចន្ទ ទី៤ ខែកក្កដា បន្ទាប់ពីភ្លៀងធ្លាក់ឥតឈប់ឈរ បណ្តាលឱ្យជន់លិចតំបន់ជាយក្រុងជាច្រើនក្នុងទីក្រុងធំបំផុតរបស់ប្រទេសអូស្ត្រាលី ចំណែកក្រុមមន្ត្រីបានព្រមានថាអាកាសធាតុអាចយ៉ាប់យឺនជាងនេះ ក្នុងរយៈពេល ១២ម៉ោងបន្ទាប់។  

ប្រព័ន្ធសម្ពាធទាបដ៏បំផុតមួយ នៅឆ្នេរសមុទ្រភាគខាងកើតប្រទេសអូស្ត្រាលី ត្រូវបានគេព្យាករណ៍ថានឹងនាំមកនូវភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀតរហូតដល់ថ្ងៃច័ន្ទ ទៅពាសពេញតំបន់ភាគខាងត្បូងនៃរដ្ឋញូវសោតវែល (New South Wales)។ 

ការិយាល័យឧតុនិយមបានឱ្យដឹងថា កម្រិតទឹកភ្លៀងប្រហែល ១០០មីលីម៉ែត្រអាចធ្លាក់ក្នុងរយៈពេល ២៤ម៉ោងបន្ទាប់ លើតំបន់ជាច្រើនក្នុងរដ្ឋ ញូវសោតវែល ចាប់ពីទីក្រុងញូវកាសល (Newcastle) ទៅភាគខាងត្បូងទីក្រុងស៊ីដនី ដែលមានចម្ងាយជាង ៣០០គីឡូម៉ែត្រ។


កម្រិតទឹកភ្លៀងជាង ២០០មីលីម៉ែត្រ បានធ្លាក់លើតំបន់ជាច្រើន ដោយតំបន់ខ្លះបានវាយប្រហាររហូតដល់ ៣៥០មីលីម៉ែត្រ ចាប់តាំងពីថ្ងៃសៅរ៍។

អាកាសធាតុនេះ អាចបង្កឱ្យមានទឹកជំនន់ភ្លាមៗ និងការរអិលបាក់ដី ដោយហេតុថាទន្លេមិនអាចជម្លៀសទឹកចេញបានទៀតទេ បន្ទាប់ពីបាតុភូត La Nina ដែលបានគ្របដណ្តប់លើឆ្នេរសមុទ្រភាគខាងកើតរបស់ប្រទេសអូស្ត្រាលី ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ។

បទបញ្ជាជម្លៀសខ្លួនប្រហែល៧០ ត្រូវបានដាក់ក្នុងទីក្រុងស៊ីដនី ខណៈដែលអាជ្ញាធរបានជំរុញឱ្យប្រជាជនចាកចេញពីផ្ទះរបស់ពួកគេ មុនពេលត្រូវជាប់គាំងក្នុងទឹកជំនន់ និងគ្មានថាមពលអគ្គសនីប្រើប្រាស់។

ខណៈដែលមនុស្សរាប់ម៉ឺននាក់ប្រឈមមុខនឹងការជម្លៀសខ្លួន ភាពមិនពេញចិត្តបានកើនឡើងនៅទីក្រុង North Richmond និង Windsor ភាគខាងលិចទីក្រុងស៊ីដនី បន្ទាប់ពីទឹកជំនន់បានលិចអគារលំនៅដ្ឋាននៅទីនោះ ជាលើកទីបីក្នុងឆ្នាំនេះ។

រដ្ឋមន្ត្រីគ្រប់គ្រងគ្រាអាសន្នសហព័ន្ធ​ លោកមូរេ វ៉ាត់ (Murray Watt) បានផ្តល់កម្លាំងទាហានបន្ថែមទៀត ហើយបាននិយាយកាលពីថ្ងៃចន្ទថា រដ្ឋាភិបាលបានបើកដំណើរការប្រព័ន្ធគ្រប់គ្រងគ្រោះអាសន្នតាមផ្កាយរណប ដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះទឹកជំនន់៕




Sunday, July 3, 2022

     វ៉ាក់សាំងកូវីដ-១៩ សម្រាប់កុមារជាង១៤ម៉ឺនដូស ជាជំនួយរបស់ប្រទេសប៉ូឡូញ បានដឹកមកដល់ប្រទេសកម្ពុជាហើយ

ដើម្បីបង្កើនប្រព័ន្ធភាពសាំក្នុងរាងកាយការពារជំងឺកូវីដ-១៩ ធានាបាននូវការការពារសុខភាពប្រជាពលរដ្ឋពីមេរោគកូវីដ-១៩ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បន្តស្វះស្វែងរកវ៉ាក់សាំងទុកក្នុងឃ្លាំង ហើយប្រកាសជំរុញការចាក់វ៉ាក់សាំងដូសជំរុញជូនប្រជាពលរដ្ឋ។ សម្តេចតេជោ ហ៊ុន សែន បានប្រកាសប្តេជ្ញាបន្តផ្តល់ដូសជំរុញជូនប្រជាពលរដ្ឋជាបន្តបន្ទាប់ទៀតដោយមិនគិតថ្លៃ។


មកដល់ពេលនេះទាំងជំនួយ និងការបញ្ជាទិញ កម្ពុជារកបានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សរុបជិត ៥៣លានដូស។ ក្នុងនោះនៅសល់ក្នុងឃ្លាំងជិត ៩លានដូស។ ជាមួយគ្នានោះ នៅមានវ៉ាក់សាំងសរុបប្រមាណ ២០លានដូសទៀត ដែលជាជំនួយ និងជាការបញ្ជាទិញ មិនទាន់បានដឹកមកប្រទេសកម្ពុជានៅឡើយ។​


គិតត្រឹមថ្ងៃទី០១ ខែកក្កដា កម្ពុជាចាក់វ៉ាក់សាំងបានជាង ៩៤ភាគរយនៃចំនួនប្រជាពលរដ្ឋសរុប។ ក្នុងនោះការចាក់ជូនកុមារអាយុចាប់ពី ៣ឆ្នាំ ដល់​ ៥ឆ្នាំ បានជាង ៧០ភាគរយ កុមារអាយុពី ៦ឆ្នាំ ដល់១២ឆ្នាំ បានជាង ១០៩ភាគរយ កុមារ និងយុវវ័យ អាយុ ១២ឆ្នាំ ដល់ ១៨ឆ្នាំ បានជាង ១០០ភាគរយ និងអាយុ ១៨ឆ្នាំឡើង បានជាង ១០៣ភាគរយ។ ក្រៅតែពីដូសមូលដ្ឋាន ពេលនេះកម្ពុជា បានឈានដល់ចាក់ដូសជំរុញទី៥ផងដែរ។ ក្នុងនោះដូសជំរុញទី៣ ចាក់បានជាង ៩លាននាក់ ដូសជំរុញទី៤ ចាក់បានជិត ៣លាននាក់, ដូសជំរុញទី៥ បានជាង ៣០ម៉ឺននាក់៕